ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈនេះនៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងសេចក្តីក្រៀមក្រំចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។
គួរឱ្យដឹងថាសម្តេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទិវង្គតនៅថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៤០នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណលោម រាជធានីភ្នំពេញ៕