ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យប្រើប្រាស់ភាសាខ្មែរនៅលើបណ្តាញសង្គមឱ្យទូលំទូលាយដើម្បីរក្សាភាសាជាតិឱ្យនៅគង់វង្ស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានក្រើនរម្លឹកឱ្យសាធារណជន ពលរដ្ឋ ជាពិសេសសិស្សានុសិស្ស យកចិត្តទុកដាក់ប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម និងនៅតាមទីសាធារណៈ។

លោករដ្ឋមន្ត្រីណែនាំបែបនេះក្រោយពីសង្កេតឃើញថាបច្ចុប្បន្នមានការនិយមប្រើប្រាស់អក្សរអង់គ្លេសជំនួសអក្សរខ្មែរច្រើននៅលើបណ្តាញសង្គម ឧទាហរណ៍៖ Keng nov? (គេងនៅ) Lov Kompong tver ey Ke? (ឥឡូវកំពុងធ្វើអ្វី?) ជាដើម។

ដោយមានក្តីបារម្ភអំពីបញ្ហានេះ និងចង់ឱ្យអក្សរ និងភាសាជាតិរក្សាឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះលោករដ្ឋមន្ត្រីបានជំរុញឱ្យសិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គមឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។

លោករដ្ឋមន្ត្រីបានណែនាំឱ្យ គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិត ឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។

ទន្ទឹមនេះគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក៏ត្រូវជំរុញឱ្យមានការប្រឡងប្រជែង អាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

ក្រៅពីនេះ មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីណែនាំដូច្នេះថា៖ «មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឱ្យប្រកាន់ ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួអក្សរខ្មែរ»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញ ទំនាក់ទំនងសង្គមនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក