ក្រចេះ៖ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលនេះ ប្រទះឃើញនៅវេលាម៉ោង១០:២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។
ក្រុមការងារស្រាវជ្រាវឱ្យដឹងថា កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន ៦ក្បាលផ្សេងទៀត ដែលនេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអរគុណដល់មន្ដ្រីឆ្មាំទន្លេ និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល ត្រូវបានក្រុមឆ្មាំទន្លេប្រទះឃើញនៅអន្លង់កាំពី ជ្រោយបន្ទាយដែលជាកូនផ្សោតទី១ កត់ត្រានៅក្នុងឆ្នាំ២០២៤នេះ។
ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កូនផ្សោតទើបកើតមួយក្បាលដែលជាកូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ ប្រទះឃើញហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន ៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ។
គួរឱ្យដឹងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត៕



