ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង

សៀមរាប៖ ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។

យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយនៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក រស់ វិសុទ្ធ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពានពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។

លោកថាក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនាឬរូបរាងគ្រប់គ្រាន់។

លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ ទើបចាប់ផ្តើមការជួសជុលឬរៀបផ្គុំថ្មសាកល្បងឡើងវិញទៅតាមក្រុមថ្មនីមួយៗ ទើបស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីសិក្សាគម្រោងជួសជុលរៀបផ្គុំប្រាសាទអ្នកតាវាំងនេះឱ្យមានរូបរាងឡើងវិញ។

តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវនៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណងសំណង់ប្រក់ក្បឿង សម្រាប់គោរបូជាអ្នកតា។

អាជ្ញាធរជាតិអប្សរាសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗប្រាសាទទាំងអស់ សូមចូលរួមថែរក្សាការពារ និងអភិរក្ស មិនថាប្រាសាទនោះ តូចឬធំឡើយ ត្រូវឈ្វេងយល់ និងផ្តល់តម្លៃដល់សំណង់បុរាណទាំងអស់ ដើម្បីបន្តថែរក្សាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក