កំពង់ចាម៖ យោងតាមសារលើបណ្តាញសង្គមរបស់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា នាថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ នេះ ឱ្យដឹងថា គ្រាប់បែកទម្លាក់កប់ក្នុងដីជម្រៅជាង៥ម៉ែត្រ ស្ថិតក្នុងក្នុងឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពុងចាម ត្រូវបានដោះបន្សាបដោយសុវត្ថិភាព។
តាមលោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកនេះជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់GP M117 មានទម្ងន់ជាង៣៤០គីឡូក្រាម ជាសំណល់សង្គ្រាម ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ ដោះបន្សាប និងដឹកជញ្ជូនដោយសុវត្ថិភាព នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោកបានឱ្យដឹងទៀតថា ផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន ១១៥ ២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង៤លានតោន និងគ្រាប់បែកចង្កោមជាង២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា គូសបញ្ជាក់ថា តាមទិន្នន័យខាងលើនេះ តំបន់ខ្លះប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ច្រើនទសវត្សទៅមុខទៀត៕