អង់គ្លេស៖ អ្នកចាត់ការទូទៅ លោក Pep Guardiola បានលើកឡើងថា ក្លិបមេឃខៀវ Manchester City នៅមិនទាន់ប្រាកដនៅឡើយទេ ជុំវិញការចុះហត្ថលេខានាំចូលកីឡាករថ្មីមកជំនួសតំណែងខ្សែប្រយុទ្ធជួរមុខ Sergio Aguero ខណៈទីផ្សារដោះដូរកីឡាករ នឹងបិទបញ្ចប់នៅសប្តាហ៍ក្រោយនេះ។
ការចំណាយធំបំផុតរបស់ Manchester City នារដូវកាលនេះ គឺការនាំចូលខ្សែបម្រើ Jack Grealish ពីក្លិបបាល់ទាត់ Aston Villa ក្នុងតម្លៃ ១០០លានផោន ដែលជាតម្លៃថ្លៃបំផុតក្នុងទីផ្សារដោះដូរកីឡាករនៅអង់គ្លេស ប៉ុន្តែក្លិបនៅមានវិបត្តិជុំវិញកង្វះខ្សែប្រយុទ្ធ ក្រោយពេលដែល Sergio Aguero បានចាកចេញពីក្លិបក្រោយចប់រដូវកាលមុន និងផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ FC Barcelona។
បណ្តាសារព៍ត៌មានជាច្រើននៅអង់គ្លេសបានចុះផ្សាយថា Manchester City បានដាក់គោលដៅធំបំផុតរបស់ខ្លួនលើការនាំចូលខ្សែប្រយុទ្ធ Harry Kane សម្រាប់រដូវកាលថ្មី ប៉ុន្តែលោក Daniel Levy ជាម្ចាស់ក្លិប Tottenham Hotspurs បានប្រកាសច្បាស់ៗម្តងហើយម្តងទៀតថា ខ្សែប្រយុទ្ធ និងជា Captain ក្រុមជម្រើសជាតិអង់គ្លេសនេះមិនស្ថិតក្នុងគោលដៅលក់ចេញរបស់ Spurs ឡើយ។
មុននឹងទីផ្សារដោះដូរកីឡាករបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក Pep Guardiola បានបញ្ជាក់ថា ចំពោះអ្នកមកជំនួស Aguero ពេលនេះ កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅឡើយ ប៉ុន្តែបើសមាសភាពក្រុមនៅតែប៉ុណ្ណឹងដដែល លោកក៏ពេញចិត្តក្នុងការដឹកនាំបន្ត ប៉ុន្តែជាក់ស្តែងក្លិបក៏ត្រូវការកម្លាំងមកពង្រឹងក្រុមសម្រាប់ការប្រកួតប្រជែង ជាពិសេសដើម្បីការពារជើងឯក English Premier League។
គួរឱ្យដឹងថា Man City បានបើករដូវកាលថ្មីដោយបរាជ័យ ១-០ ទល់នឹង Tottenham Hotspurs មុននឹងបំបាក់ Norwich City ក្នុងលទ្ធផល ៥-០ ចុងសប្តាហ៍មុន។ ប្រកួតបន្ទាប់របស់ Man City នឹងត្រូវទទួលក្រុមភ្ញៀវកាំភ្លើងធំ Arsenal នាថ្ងៃទី២៨ ខែសីហាខាងមុខនេះ៕