ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងម៉ាឡេស៊ី នឹងដាក់ឱ្យដំណើរការទូទាត់ប្រាក់ឆ្លងដែនតាម QR Code

ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី នឹងដាក់ឱ្យដំណើរការទូទាត់ប្រាក់ឆ្លងដែនតាម QR Code ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និងទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី លោក Abdul Rasheed Ghaffour ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អនុស្សរណៈយោគយល់គ្នាលើការទូទាត់ប្រាក់រវាងប្រទេសទាំងពីរនេះ ធ្វើឡើងដើម្បីលើកកម្ពស់នវានុវត្តន៍ ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្ដល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការជំរុញការទូទាត់ប្រាក់ នឹងផ្តល់នូវ ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ីអាចធ្វើការទូទាត់ដោយស្កេនឃូអរកូតនៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេនឃូអរកូតនៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមក ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។

ជាមួយគ្នានេះអនុស្សរណៈយោគយល់ ក៏នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោកស្រី ជា សិរី បានលើកឡើងថា នេះជាការបោះជំហានដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។

លោកស្រីថ្លែងដូច្នេះថា៖ «តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាល ម៉ាឡេស៊ី នឹងសហការគ្នាដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»។

ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី លោក Abdul Rasheed Ghaffour បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់នេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលទាំងពីរ ក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។

លោកថ្លែងថា៖ «កិច្ចសហការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងធនាគារកណ្ដាល ម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធុរជននៃប្រទេស ទាំងពីរ។ ការណ៍នេះ នឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុ ដែលនឹង គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។

គួរជម្រាបឱ្យដឹងថា កម្ពុជាបាន និងកំពុងដាក់ឱ្យដំណើរការទូទាត់ប្រាក់តាម QR Code ជាមួយនឹងប្រទេសវៀតណាម ថៃ ឡាវ និងក្រុមហ៊ុន Union Pay International របស់ប្រទេសចិន ខណៈកម្ពុជាក៏កំពុងតែពង្រីកការទូទាត់ប្រាក់ជាមួយនឹងបណ្តាប្រទេសដទៃទៀតផងដែរ ដូចជា ប្រទេសជប៉ុន សិង្ហបុរី និងឥណ្ឌាជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក