សម្ដេចធិបតីជំរុញឱ្យធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិកម្ពុជាលើការទូទាត់ឆ្លងកាត់ធនាគារ
ម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ លោក Dato' Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។
សម្ដេចធិបតីបានជំរុញឱ្យធនាគារបន្តកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិកម្ពុជា ពិសេសលើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។
ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank លោក Dato' Khairussaleh Ramli បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤។
លោក Dato' Khairussaleh Ramli សម្ដែងនូវការកោតសរសើរ ស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។
គួរឱ្យដឹងដែរថា ធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ១៩៩៣ ជាមួយនឹងការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។
នាពេលបច្ចុប្បន្ន ធនាគារ Maybank មានសាខារបស់ខ្លួនរហូតដល់ ២១សាខា ដោយមាន ១៣សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ៕