លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកស្រី Angelina Jolie បង្ហាញមតិជុំវិញវិបត្តិនៅប្រទេសអាហ្វហ្គានីស្ថានតាម Instagram

ពិភពលោក៖ ចុងសប្តាហ៍កន្លងទៅនេះ លោកស្រី Angelina Jolie បានចាប់ផ្តើមបង្កើតនូវបណ្តាញសង្គម Instagram របស់ខ្លួនជាផ្លូវការ ហើយរូបភាពដំបូងរបស់លោកស្រីលើបណ្តាញសង្គមដ៏ពេញនិយមរបស់ពិភពលោកនេះ បានបង្ហាញឱ្យឃើញថា លោកស្រីមានគោលដៅក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

​រូបភាពដំបូងបង្អស់លើ Instagram របស់តារាស្រីដែលមានប្រជាប្រិយភាពលំដាប់ពិភពលោកខាងលើ គឺជាសំបុត្រមួយច្បាប់ដែលសរសេរដោយយុវតីអាហ្វហ្គានីស្ថានម្នាក់ ដែលនាងបានរៀបរាប់ពោរពេញដោយភាពភ័យខ្លាច ក្រោយពេលដែលក្រុមសកម្មប្រយុទ្ធឧទ្ទាមតាលីបង់ បានចូលកាន់កាប់ នឹងដឹកនាំរដ្ឋាភិបាលប្រទេសនេះ។

ផ្នែកដែលគួរឱ្យចាប់អារម្មណ៍ក្នុងសំបុត្រនោះបានសរសេរថា៖ "មុនពេលដែលក្រុមតាលីបង់ចូលកាន់កាប់ប្រទេស ពួកយើងមានសិទ្ធិ និងមានសេរីភាពពេញលេញក្នុងការការពារសិទ្ធិរបស់យើង! ប៉ុន្តែក្រោយពេលដែលពួកគេ (ក្រុមតាលីបង់) ចូលមក ពួកយើងមានភាពភ័យខ្លាច យើងដឹងថារាល់ក្តីសុបិន្តរបស់យើងបានរលាយសូន្យទៅហើយ ហើយសិទ្ធិសេរីភាពរបស់យើងពេលនេះ ត្រូវបានគេរំលោភបំពាន!"

អ្នកនាង Angelina Jolie ក៏បានលើកឡើងនូវមតិផ្ទាល់ខ្លួនផងដែរថា ពេលនេះ! ប្រជាជនអាហ្វហ្គានីស្ថានបានបាត់បង់លទ្ធភាពក្នុងការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម និងលទ្ធផលបញ្ចេញមតិរបស់ខ្លួនទៅហើយ។ ដូច្នេះខ្ញុំបានសម្រេចចិត្តក្នុងការប្រើប្រាស់បណ្តាញសង្គម Instagram នៅពេលនេះ ដើម្បីចែករំលែកនូវរឿងរ៉ាវ និងជាសំឡេងសម្រាប់ជនដែលបានតស៊ូក្នុងគោលបំណងដើម្បីទទួលបានពេញលេញនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ។

គួរបញ្ជាក់ឱ្យដឹងថា លោកស្រី Angelina Jolie គឺជាប្រេសិតពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលហៅកាត់ថា (UNHCR) ដែលលោកស្រីបានចូលរួមក្នុងសកម្មភាពការពារសិទ្ធិមនុស្សជាមួយអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០១២មក។ គណនី Instagram​ របស់លោកស្រី Angelina Jolie បានទទួលនូវការចុច Follow ចំនួនជាង ៤,៦លាននាក់ត្រឹមមួយថ្ងៃ ខណៈសំបុត្ររបស់យុវតីអាហ្វហ្គានីស្ថាននោះវិញ បានទទួលការចុច Like ជាង ៧០០,០០០នាក់ត្រឹមរយៈពេលជាង ៤ម៉ោងប៉ុណ្ណោះ។ 

លោកស្រី Angelina Jolie ដែលជាតារាសំដែងដ៏ល្បីល្បាញ បានចាប់ផ្តើមបង្ហាញខ្លួនសាជាថ្មី ដោយលោកស្រីនឹងបង្ហាញខ្លួនលើផ្ទាំងសំពត់-ស ក្នុងរោងភាពយន្តទូទាំងពិភពលោក ក្នុងខ្សែភាពយន្តហូលីវូដ "ETERNALS" ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក