ស្នងការនគរបាលខេត្តកំពង់ឆ្នាំងណែនាំមន្ត្រីរបស់ខ្លួនក្រោយមួលរោទិ៍ម៉ូតូបង្កការឈឺចាប់ដល់អ្នកស្រលាញ់ម៉ូតូធំ
កំពង់ឆ្នាំង៖ អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានសម្តែងការមិនពេញចិត្តចំពោះ ចំណាត់ការរបស់មន្រ្តីនគរបាលមួយរូបដែលរោទិ៍កប់ហ្គែរម៉ូតូ ធ្វើឱ្យអ្នកស្រលាញ់ម៉ូតូឈឺចាប់ជំនួសម៉ូតូនិងបានរិះគន់លើសកម្មភាពនេះ។
សេចក្តីបំភ្លឺព័ត៌មានថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានទទួលស្គាល់ថាមន្ត្រីនគរបាលខ្លួនពិតជាបានមូលហ្គែម៉ូតូពលរដ្ឋដែលលើសច្បាប់កប់ៗពិតមែន ដោយថាពេលនេះបានហៅមកអប់រំណែនាំរួចហើយ។
ស្នងការដា្ឋនបានបញ្ជាក់ថាការចាប់ឃាត់ម៉ូតូនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារក្រុមអ្នកជិះម៉ូតូជិះប្រសេចប្រសាចគ្មានសណ្តាប់ធ្នាប់ (បង្ហោះម៉ូតូ ដេកបើកបរម៉ូតូ និងមានបំពងសម្លេងឮខ្លាំងៗតាមដងផ្លូវ) ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក្នុងពេលកំពុងដំណើរបោះឆ្នោត និងបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក៏បានឃាត់ក្រុមអ្នកជិះម៉ូតូចំនួន ២ក្រុម ស្មើនឹង ២១គ្រឿង មកធ្វើការអប់រំណែនាំ។
ក្រោយការឃាត់សួរនាំសាម៉ីខ្លួន ក៏បានទទួលស្គាល់ពី កំហុសឆ្គង និងបានផ្តិតមេដៃស្តាំ លើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនបន្តទៀត៕