ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទទាំងអស់នៅក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យបង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងគីរវិថីព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ។ បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្ដេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស។
បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន។ បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្រោយចប់កម្មវិធីបុណ្យ អាជ្ញាធរនឹងបើកឱ្យចរាចរជាធម្មតាវិញហើយ៕