សៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។
ចម្រឹងបង្អួចទាំង២នោះ មួយស្ថិតនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។
អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ បានឱ្យដឹងថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹងបង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។
លោក សយ សុភារិន្ទ បន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។
ដោយឡែក ចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដោយសារតែបាត់ថ្មមួយចំហៀង ធ្វើឱ្យក្រុមការងារព្យាយាមជួសជុលពង្រឹង ព្យាបាលតភ្ជាប់ និងបន្ថែមថ្មថ្មីត្រង់កន្លែង ដែលបាត់ ដើម្បីឱ្យរឹងមាំនិងមានលំនឹងដូចដើមឡើងវិញ។
អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត បង្ហាញថាការខូចខាតចម្រឹងបង្អួចទាំង២ បណ្តាលមកពីអាយុកាលនៃថ្ម អាកាសធាតុ ក្ដៅ សើម ពិសេសសំណើម ដែលធ្វើឱ្យមានទឹកជ្រាបចូលតាមថ្នេរថ្ម ឬស្នាមប្រេះរបស់ថ្ម បណ្ដាលឱ្យថ្មឆាប់ពុកផុយ។
អ្នកជំនាញរូបនេះ សំណូមពរចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទអង្គរវត្ត សូមចៀសវាង កុំចាប់តោងចម្រឹងបង្អួច ព្រោះចម្រឹងទាំងនោះមិនរឹងមាំទេ ដោយសារចម្រឹងបង្អួចមិនមែនជារចនាសម្ពន្ធអាចទ្រទម្ងន់ឡើយ គឺវាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ៕