ដែនដីកោះទូវ៉ាលូតែងតាំងនាយករដ្ឋមន្រ្តីថ្មី ខណៈរដ្ឋាភិបាលកំពុងពិចារណាលើទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់
អន្តរជាតិ៖ សមាជិកសភានៃប្រទេសទូវ៉ាលូ (Tuvalu) បានជ្រើសរើសលោក Feleti Teo ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសដែនកោះក្នុងសមុទ្រប៉ាស៊ីហ្វិកមួយនេះ ពោលគឺក្រោយពេលត្រឹម ៤សប្តាហ៍៍ប៉ុណ្ណោះ ក្រោយបញ្ចប់ការបោះឆ្នោតថ្នាក់ជាតិដែលផ្តោតលើគោលនយោបាយជាមួយកោះតៃវ៉ាន់ជាចម្បង។ បើតាមលោក Tufoua Panapa លេខាធិការរដ្ឋាភិបាលបញ្ជាក់ថា លោក Teo ដែលជាអតីតមេធាវីបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសំណាក់សមាជិកសភាក្នុងការបោះឆ្នោតកាលពីខែមុន។
ក្រោយលទ្ធផលនៃការបោះឆ្នោត និងការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីនេះ មជ្ឈដ្ឋានអន្តរជាតិរំពឹងថា ប្រទេសទូវ៉ាលូដែលជាប្រទេសមួយ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១២ ដែលទទួលស្គាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ទំនងជានឹងងាកមកបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋាភិបាលចិនវិញ។ យ៉ាងណាមិញ លោក Teo កំពុងត្រូវបានគេតាមដានយ៉ាងជិតស្និទអំពីជំហររបស់លើគោលនយោបាយថ្មីនាពេលខាងមុខ។
គួរបញ្ជាក់ថា លោក Teo ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី បន្តតំណែងពីលោក Kausea Natano ដែលបាត់បង់ការគាំទ្រអំឡុងការបោះឆ្នោតជាតិកន្លងទៅ។ លោក Natano ត្រូវបានគេដឹងថា ជានាយករដ្ឋមន្រ្តីដែលមានការគាំទ្រយ៉ាងពេញទំហឹងនូវទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ ថ្មីៗនេះ ប្រទេសណូរ៉ូ (Nauru) ដែលជាដែនកោះជិតខាងជាមួយទូវ៉ាលូ បានប្រកាសពីការបង្កើតទំនាក់ទំនងការទូតជាមួយចិន និងផ្តាច់ទំនាក់ទំនងពីកោះតៃវ៉ាន់ ដែលគេជឿថាទូវ៉ាលូដែលមានប្រជាជនប្រមាណជាង ១ម៉ឺននាក់នេះទំនងជានឹងដើរតាមគំរូរបស់ប្រទេសណូរ៉ូផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនថ្មីៗនេះបានបង្កើននូវការផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសដែនកោះជាច្រើនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយប្រទេស និងដែនដីទាំងនោះប្រកាសពីការផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ កោះសូឡូម៉ុន (Solomon Island) និងប្រទេសគីរីបាទី (Kiribati) បានប្រកាសឈប់់ទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសឯករាជ្យ និងងាកមកចាប់ផ្តើមការទូតជាមួយចិនវិញ និងថ្មីៗនេះ ប្រទេសណូរ៉ូក៏បានប្រកាសបែបនេះផងដែរ៕