
កុមារ និងយុវវ័យអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន១០៤,០០០នាក់ហើយ
បន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំសម្រាប់ខេត្តបន្ទាយមានជ័យត្រូវបានចាប់ផ្តើមចាក់នៅថ្ងៃទី២៣ ខែសីហា។
តាមការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាសម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនៅពេលនេះទូទាំងខេត្តមានចំនួន១០៤,០០០នាក់ ក្នុងនោះដោយមានការគិតគូរយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនដល់ខេត្តបន្ទាយមានជ័យចំនួន១០៩,០០០ដូស សម្រាប់ចាក់ជូនកុមារ និងយុវវ័យ។
លោក អភិបាលខេត្តក៏បានអំពាវនាវដល់មាតាបិតាគ្រប់រូបដែលមានកូនគ្រប់អាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រូវនាំកូនៗមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពតាមឃុំ-សង្កាត់ ទូទាំងខេត្ត រៀងរាលម៉ោងធ្វើការរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ទន្ទឹមនឹងនោះកុមារ និងយុវវ័យ ដែលទទួលបានការចាក់វ៉ាក់សាំងបានសម្តែងនូវភាពសប្បាយរីករាយនៅពេលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយសង្ឃឹងថា នឹងអាចឆាប់បានចូលរៀនសូត្រក្នុងពេលឆាប់ៗនេះ។ ពិសេសពួកគេបានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីពួកគេដែលជាសិស្សានុសិស្ស ក្នុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ពួកគេក៏បានលើកឡើងថាការចាក់វ៉ាក់សាំងនេះវាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ដែលជួយការពារពីជំងឺកូវីដ-១៩ ដែលកំពុងដែលរាលដាលក្នុងប្រទេសកម្ពុជា ហើយនៅពេលចាក់វ៉ាក់សាំងនេះរួចពួកគេសង្ឃឹមថាសាលារៀននឹងឆាប់បើកដំណើរការរៀនសូត្រឡើងវិញ៕