រុស្សី៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្សី លោក Anton Siluanov ថ្លែងប្រាប់សារព័ត៌មានរដ្ឋរុស្សីថា ក្រសួងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយសមភាគីចិនអំពីលទ្ធភាពនៃការស្នើប្រាក់កម្ចីជាប្រាក់យ័នរបស់ចិន ក៏ប៉ុន្តែនៅមិនទាន់មានការសម្រេចព្រមព្រៀងណាមួយនៅឡើយទេ។ លោក Siluanov បានប្រាប់ទៅកាន់សារព័ត៌មាន RIA ថា៖ "ការចរចាជាមួយដៃគូចិនបានដំណើរការជាយូរណាស់មកហើយអំឡុងកិច្ចសន្ទនាអន្តរក្រសួងនៃប្រទេសទាំងពីរកាលពីឆ្នាំមុន។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចចិត្តរួមគ្នាណាមួយនៅឡើយទេ"។
លោក Siluanov បានលើកឡើងបន្ថែមថា៖ "ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមសាកល្បងការទូទាត់ជារូបិយប័ណ្ណឌីជីថលជាមួយប្រទេសចិន ឬបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian) ហើយនឹងផ្សព្វផ្សាយគំនិតនេះជាមួយដៃគូរបស់ខ្លួនបន្ថែមទៀត"។ លោកក៏ឆ្លៀតនិយាយឆ្លើយតបទៅនឹងចេតនានៃការរឹបអូស និងចាត់ចែងទ្រព្យសម្បត្តិរបស់រុស្សីដែលត្រូវបានបង្កកផងដែរ ដោយលោកបានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយលើការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួននឹងទទួលបានការឆ្លើយតបយ៉ាងសមរម្យពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។
កន្លងមក សហភាពអឺរ៉ុប EU និងបណ្ដាក្រុមប្រទេស G7 បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រហែល ៣០០ពាន់លានអឺរ៉ូ (ប្រមាណជា ៣២៣ពាន់លានដុល្លារ) បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។ សហភាពអឺរ៉ុប និង G7 ធ្លាប់បានពិភាក្សាគ្នាជាច្រើនលើកច្រើនសាអស់រយៈពេលជាងមួយឆ្នាំថា តើមូលនិធិជាទ្រព្យសម្បត្តិដែលបង្កកទាំងនេះអាចប្រើប្រាស់បានយ៉ាងដូចម្តេច??