លោក ហ៊ុន ម៉ានី៖ តួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈទេ តែជាទំនួលខុសត្រូវមួយក្នុងបុព្វហេតុជាតិ និងប្រជាជន
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថាក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពន់ឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។
លោក ហ៊ុន ម៉ានី លើកឡើងដូចនេះលើបណ្តាញសង្គមលោកផ្ទាល់នា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីលោកទទួលសារអបអរ និងជូនពរជាច្រើន ក្នុងឱកាសត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
លោកបានឱ្យដឹងថា តួនាទីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់រូបលោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលះបង់ឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទទួលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាការទទួលស្គាល់នូវសារៈសំខាន់នៃទំនួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងដឹកនាំការងារកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនូវ រដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។
លោកថា៖«ក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា តួនាទីដែលលោកទទួលបាននេះ គឺជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។
លោកបានបញ្ចាក់ថា ឆ្លើយតបនឹងទំនួលខុសត្រូវនេះ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសាកសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន និងប្តេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ និងសង្ឃឹមយ៉ាងមុតមាំថានឹងមានចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ៕