ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានដំណើរការដោយរលូន មានសុវត្ថិភាព គ្មានអំពើហិង្សាណាមួយកើតឡើងឡើយ ដោយមាន អង្គបោះឆ្នោតសរុប ៩៩,៨៦ភាគរយ បានមកបោះឆ្នោត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា តាមរបាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង២៥ រាជធានីបានឱ្យដឹងថា តាមការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យនៅតាមរាជធានីខេត្តនៃមណ្ឌលបោះឆ្នោតទាំង៨ ភូមិភាគបានបើកដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ព្រឹក ដោយពុំមានការិយាល័យបោះឆ្នោតណាមួយមិនបានបើកបាននោះទេ។ លោកបន្តថា ការិយាល័យការបោះឆ្នោតមួយចំនួនត្រូវបានបិទមុន បន្ទាប់ពីអ្នកបោះឆ្នោតបាន បោះអស់ហើយ ដែលការិយាល័យចុងក្រោយបានបិទនៅម៉ោង៣រសៀល តាមការគ្រោងទុក ប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តិទៅភ្លាមៗនៅនឹង កន្លែងក្រោមការឃ្លំាមើលពីភ្នាក់ងារគណៈបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
បន្តថាតាមតួរលេខបណ្តោះអាសន្នគឺមានអ្នកមកបោះឆ្នោតសរុបចំនួន ១១ ៧៣០នាក់ ស្មើនឹង ៩៩,៨៦ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១ ៧៤៧នាក់។
លោកបន្តថា បើនិយាយជារួមគឺបរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈល្អដល់ការបោះឆ្នោតដោយរលូន គ្មានអំពើហិង្សាគ្មានការគំរាមកំហែង និងពុំមានសកម្មភាពអ្វីធ្វើឱ្យរំាងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ហើយបានចាត់ទុកការបោះឆ្នោតនេះ ជាការ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម និងទទួលបានលទ្ធផលជោគជ័យគួជាទីមោទន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ ផ្អែកតាមប្រតិទិនរបស់គជប នឹងត្រូវបិទផ្សាយ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបើសិនគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យ បណ្តឹងជំទាស់នៃលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៕