អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) ថ្លែងថា៖ "ប្រទេសលោកខាងលិចគួរតែមានភាពក្លាហានជាងនេះ ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកកន្លងមក ចាប់តាំងពីការវាយប្រហារ និងឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីឆ្នាំ២០២២"។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយសារព័ត៌មាន Sunday Times លោក Sunak បានកត់សម្គាល់មតិរបស់លោកចំថ្ងៃខួបគម្រប់ ២ឆ្នាំនៃការវាយប្រហាររបស់រុស្សីទៅលើអ៊ុយក្រែន ហើយលោកបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង គៀវ (Kyiv) នៅតែបន្តតត្រូវការអាវុធរយៈចម្ងាយឆ្ងាយ, យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក ក៏ដូចជាជំនួយផ្សេងៗទៀតក្នុងការទប់ទល់នឹងសង្គ្រាមដែលនៅតែអូសបន្លាយពេលនេះ។
កាលពីខែមុន រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់អង់គ្លេស លោក Dominic Johnson បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo ដើម្បីពិភាក្សាអំពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកទុកកន្លងមក ប៉ុន្តែបានសង្កត់ធ្ងន់ថា ការរឹបអូសទាំងនោះចាំបាច់ត្រូវធ្វើឱ្យស្របតាមច្បាប់អន្តរជាតិ។ កន្លងមក សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទុកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ នៅគ្រាដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការឈ្លានពានលើអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាក្រុមប្រទេស G7 ក៏បាននិងកំពុងសិក្សាការរឹបអូសទ្រព្យសម្បត្តិដែលអាចជាមធ្យោបាយមួយដើម្បីឱ្យរុស្ស៊ីសងនូវរាល់ការខូចខាតចំពោះការឈ្លានពានទៅលើអ៊ុយក្រែន។
ដោយឡែក ក្រៅពីលើកឡើងអំពីគំនិតនៃការស្នើឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី លោក Sunak ក៏បានអំពាវនាវ និងជំរុញឱ្យអាមេរិកបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែនផងដែរ។ នាយករដ្ឋមន្រ្តីខាងលើថ្លែងថា៖ "យើងមិនគួរមើលរំលងអ្វីដែលអាមេរិកបានធ្វើសម្រាប់អ៊ុយក្រែន និងសម្រាប់សន្តិសុខក្នុងតំបន់អឺរ៉ុបនោះទេ។ ខ្ញុំជំរុញ (សហរដ្ឋអាមេរិក) ហើយខ្ញុំជឿជាក់ថាពួកគេ (បន្តការគាំទ្រ) នឹងការគាំទ្របន្តទៀត"។ ថ្មីៗនេះ ក្រសួងការពារជាតិអង់គ្លេសបានប្រកាសផ្តល់ជំនួយចំនួន ២៤៥លានផោន (ប្រមាណជា ៣១១លានដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍កន្លងទៅ៕