អន្តរជាតិ៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមបណ្ដាទីក្រុងសំខាន់ៗនៅទូទាំងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈម្សិលមិញនេះ ដើម្បីបង្ហាញអំពីជំហរ និងឆន្ទៈនៃការគាំទ្រទៅលើអ៊ុយក្រែន នៅចំថ្ងៃខួបគម្រប់ ២ឆ្នាំនៃការឈ្លានពានរបស់កងទ័ពរុស្សីទៅលើប្រទេសអ៊ុយក្រែន។ ការតវ៉ានេះបានផ្ទុះឡើងព្រមៗគ្នាតែម្តងនៅតាមបណ្ដាទីក្រុងសំខាន់រួមមាន ប៊ែរឡាំង (Berlin), កូឡូញ (Cologne) ហ្វ្រែងហ្វឺត (Frankfurt) និងទីក្រុងសំខាន់ៗមួយចំនួនទៀត។
នៅក្នុងរដ្ឋធានីប៊ែរឡាំង (Berlin) មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខច្រកទ្វារ Brandenburg ដោយគ្រវីបដាដែលសរសេរថា «ក្រោកឈរឡើងដើម្បីអ៊ុយក្រែន» និង «ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនភ្លាម!»។ អភិបាលក្រុងប៊ែរឡាំង លោក Kai Wegner បានថ្លែងទៅកាន់ក្រុមបាតុកររាប់ពាន់នាក់ ដោយលោកបានរិះគន់ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន អំពីការបង្កសង្រ្គាមឈ្លានពានដ៏ព្រៃផ្សៃនៃរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ លោក Wegner ថ្លែងថា៖ "គាត់់ (លោក ពូទីន) ចង់កម្ទេច និងបោសសម្អាតអ៊ុយក្រែន និងចង់លុបបំបាត់អត្តសញ្ញាណរបស់ប្រជាជនអ៊ុយក្រែន។" លោកបន្តថា៖ "ប៉ុន្តែយើងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងបានជាដាច់ខាត ហើយយើងនឹងឈរនៅខាងអ៊ុយក្រែនជានិច្ច"។
បើតាមអ្នករៀបចំការតវ៉ានេះបានបញ្ជាក់ថា មានមនុស្សប្រមាណជា ១០,០០០នាក់បានចូលរួម ខណៈក្រុមប៉ូលិសបានប៉ាន់ស្មានតួលេខអ្នកប្រមូលផ្ដុំមានប្រមាណជា ៥,០០០នាក់ប៉ុណ្ណោះ។ ដោយឡែក តាមរបាយការណ៍របស់ប៉ូលិសនៃទីក្រុង Frankfurt ឯណោះវិញបានឱ្យដឹងថា មានមនុស្សប្រហែលជា ១,០០០នាក់បានប្រមូលផ្តុំ ក្នុងគោលបំណងជំរុញឱ្យមានការបញ្ជូនសព្វាវុធទៅគាំទ្រអ៊ុយក្រែនឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន។
ក្រៅពីអាល្លឺម៉ង់ ក៏មានការប្រមូលផ្តុំផ្សេងទៀតផងដែរនៅតាមបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ចំថ្ងៃដ៏សំខាន់នៃការគម្រប់ខួប ២ឆ្នាំនៃសង្គ្រាមរុស្សី អ៊ុយក្រែន ដែលគេចាត់ទុកថាជាការកកើតឡើងវិញនៃភ្លើងសង្គ្រាមក្នុងទ្វីបអឺរ៉ុប ដែលបានរលត់ទៅអស់ពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៃបណ្ដាប្រទេសទ្វីបអឺរ៉ុបកំពុងសម្តងការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការទប់់ទល់របស់អ៊ុយក្រែន លើការវាយលុកឥតឈប់ឈររបស់រុស្សី៕