លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វិស័យឯកជនចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧

សៀមរាប៖ វិស័យឯកជនមកពីរាជធានី-ខេត្ត ចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ការតាំងបង្ហាញនេះធ្វើឡើងក្នុង ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា ដោយមានការចូលរួមពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ដោយបានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន និងសហគមន៍ ផលិតបន្លែផ្លែឈើខ្មែរ មកពីបណ្តាខេត្តក្រុងចំនួន១៦ ដោយបាននាំយកផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើក្រៀម អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើមយកមកដាក់តាំងបង្ហាញ និង ស្វែងរកដៃគូ ពាណិជ្ជកម្ម សរុបមានក្រុមហ៊ុន/សហគ្រាស ចូលរួមចំនួន១១៣ និងមានស្តង់ពិព័រណ៍ សរុបចំនួន ១២៥ស្តង់។

លោក ម៉ៅ ថូរ៉ា បង្ហាញថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ ក្រៅពីការតាំងបង្ហាញផលិតផលកសិផល និងចំណីអាហារក្នុងស្រុក ពិព័រណ៌ពាណិជ្ជកម្មនាពេលនេះ ក៏បាននាំយកនូវផលិតផលវាយនភ័ណ្ឌរបស់ខ្មែរ ជាពិសេសសូត្រកម្ពុជា ដែលជាផលិតផលប្រណីតរបស់ជាតិ។

លោកបន្តឱ្យដឹងថា តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ចំនួន៨រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាជំហានៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឲ្យទីផ្សារ ។

តាមលើកឡើងរបស់អាជីវករ និងអ្នកផលិតក្នុងស្រុកបង្ហាញថា ផលិតផល ដែលពួកគាត់បាននាំយក មកតាំងនាពេលនេះ សុទ្ធសឹងជាផលិតផលក្នុងស្រុក និងពុំមានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ឬប្រើសារធាតុ ដែលរក្សាទុកបានយូរឡើយ និងបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលពុំប៉ះពាល់ដល់សុខភាព។

ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក៏មានរៀបចំកម្មវិធីមួយចំនួនផងដែរ ដូចជា៖ យុទ្ធនាការលើកកម្ពស់តម្បាញ និងជំរុញការប្រើប្រាស់ផលិតផលសូត្រកម្ពុជា ការបង្ហាញម៉ូតផលិតផលសូត្រខ្មែរ ការសម្តែងសិល្បៈតន្រ្តីស្គរដៃស្រុកស្រែ សិល្បៈល្ខោន សៀករហ័សកម្ម ព្រមទាំងមានការដង្ហែក្បួនតុក្កតាយក្សមកកាន់ទីតាំងរៀបចំពិព័រណ៍ផងដែរ។

គួរឱ្យដឹងដែរថា ពិព័រណ៌ពាណិជ្ជកម្ម ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសហការជាមួយរដ្ឋបាលខេត្តសៀមរាបនេះ គោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយព្រឹត្តការណ៍នេះ ក៏ជាផ្នែកមួយ នៃយុទ្ធនាការទិញផលិតផលខ្មែរផងដែរុះ



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក