
ក្រុមហ៊ុនជប៉ុនចង់បង្កើតសាលាកសិកម្មក្នុងវិទ្យាល័យមួយនៅខេត្តព្រៃវែងដើម្បីបណ្តុះបណ្តាលសិស្សដាំបន្លែលើទឹក
ព្រៃវែង៖ ក្រុមហ៊ុនជប៉ុនមានបំណងបង្កើតសាលាកសិកម្មក្នុងវិទ្យាល័យមួយនៅខេត្តព្រៃវែងដើម្បីបណ្តុះបណ្តាលសិស្សអំពីរបៀបដាំបន្លែលើទឹក។
គម្រោងបង្កើតសាលាកសិកម្មនេះ ត្រូវបានបញ្ជាក់ឱ្យដឹងក្នុងជំនួបរវាងលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី និងគណៈប្រតិភូកុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោក ស៊ឺស៊ឺមី តៃ (Susumu Tai)។
ក្នុងជំនួបនេះ គណៈប្រតិភូ បានបង្ហាញពីបំណង ចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន ដែលអាចច្រោះទឹកសមុទ្របរិភោគបានដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព។
ជាមួយគ្នានេះគណៈប្រតិភូជប៉ុនក៏នឹងប្រមែប្រមូលយកគ្រឿងយន្តកសិកម្ម ដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្តនិងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។
រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រតិភូ ដោយសន្យាថា នឹងជួយសម្របសម្រួល បង្កើតសាលាកសិកម្មនៅវិទ្យាល័យខាងលើ ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ និងជម្រាបស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីផ្តល់គ្រឿងយន្តនិងបរិក្ខារដែលនឹងទទួលបានទាំងនោះ សម្រាប់ជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់ សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕