សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យសាសនាធំមួយដែលពិទ្ធសាសនិកខ្មែរតែងតែប្រារព្ធរៀងរាល់ឆ្នាំ

មាឃបូជា គឺជាពិធីបុណ្យសាសនា ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលរួមមាន សាសនាអ្នកតា សាសនាព្រះពុទ្ធ និង សាសនា ព្រហ្មញ្ញ ដែលកំណត់យក ខែមាឃ ថ្ងៃ១៥កើត នៃការរាប់ប្រតិទិនតាម មហាសករាជ ដែលត្រូវនិង ខែកុម្ភៈ។

បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ។

មាឃបូជា គឺជាពិធីបុណ្យដ៏មានសារៈសំខាន់មួយ ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍សំខាន់ៗពីរយ៉ាងគឺ៖ ១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ ព្រះសង្ឈសមណទូត ១២៥០អង្គ និមន្តមកជួបជុំគ្នា ដោយមិនបានណាត់គ្នាជាមុន ព្រះសង្ឈទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា) ព្រះអង្គទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦ និងជាថ្ងៃដែលព្រះសង្ឃទាំងអស់ជួបជុំគ្នានោះ ជាថ្ងៃពេញបូណ៌មីខែមាឃ។

ទី២ មាឃបូជា ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ព្រឹត្តិការណ៍ទី២ នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ការប្រកាសដាក់ព្រះជន្មាយុសង្ខារនេះ បានធ្វើឲ្យភិក្ខុសង្ឃ និងបរិស័ទទាំងឡាយមានសេចក្តីតក់ស្លុតជាខ្លាំង ដោយដឹងថា ព្រះពុទ្ធជាបរមគ្រូ នឹងត្រូវយាងចូលបរិនិព្វាន ក្នុងពេលដ៏ឆាប់ខាងមុខ។ ការប្រកាសនេះកើតមានឡើងនៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនព្រះអង្គបរិនិព្វាន ៣ខែ។

ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖

១. ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។

២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

៣. បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។

៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។

៥. បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធពិធីបុណ្យនេះនៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថាជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក