កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាឱ្យម្ចាស់ទីតាំងដែលយកថ្មចាក់ចូលទន្លេស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាយយកថ្មចេញពីទន្លេឱ្យអស់យ៉ាងយូរ ៧០ថ្ងៃ។ ចំណាត់ការនេះធ្វើឡើងក្រោយពីមានការចែកចាយនៅលើបណ្តាញសង្គមដែលស្នើឱ្យអាជ្ញាធរត្រួតពិនិត្យ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ដោយបច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ។
រដ្ឋបាលខេត្តបានអះអាងថា សកម្មភាពចាក់ថ្មចូលទន្លេនេះគឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ដោយសកម្មភាពនេះចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តកំពង់ចាមបានចេញបញ្ជាឱ្យម្ចាស់ដីកាយថ្មទាំងនោះចេញពីទន្លេដោយមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
ជាមួយគ្នានេះភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្ដង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ក្នុងសេចក្តីព័ត៌មានថា ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។
រដ្ឋបាលខេត្ត អរគុណដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្ដល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មកឲ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ៕