លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ក្រោយសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយជិតពីរឆ្នាំ សហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមលើរុស្សី

អន្តរជាតិ៖ បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ ទី២១ ខែកុម្ភៈបានឯកភាពគ្នាលើការប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមជាកញ្ចប់ទៅលើប្រទេសរុស្សី ដែលកំណត់គោលដៅទៅលើបុគ្គល និងក្រុមហ៊ុនអាជីវកម្មមួយចំនួនដែលគេសង្ស័យថា បានជួយគាំទ្ររុស្សីពីក្រោយក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុនចិនមួយចំនួនផងដែរ។ 

សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបនេះបានធ្វើឡើង ស្របពេលខួបគម្រប់ ២ឆ្នាំនៃប្រតិបត្តិការលុកលុយពេញទីលើទឹកដីអ៊ុយក្រែនពីសំណាក់រុស្សីបានកើតឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ និងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការផ្ទុះឡើងនូវព័ត៌មាននៃការស្លាប់របស់មេដឹកនាំប្រឆាំងជនជាតិរុស្ស៊ី លោក Alexei Navalny។ បែលហ្សិកដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុបដែលមានសមាជិកសរុបទាំងអស់ ២៧ប្រទេសបានលើកឡើងថា "កញ្ចប់ទណ្ឌកម្មថ្មីបន្ថែមនេះគឺជាការឯកភាពគ្នាយ៉ាងទូលំទូលាយមួយដោយសហភាពអឺរ៉ុប"។ 

ប្រភពមួយបានទម្លាយថា ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់បានឯកភាពចំពោះការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងទណ្ឌកម្មជាលក្ខណៈបុគ្គលប្រហែលជា២០០។ យ៉ាងណាមិញប្រភពដែលមិនបញ្ចេញអត្តសញ្ញាណដដែលបន្តថា ចំពោះឈ្មោះបុគ្គល និងក្រុមហ៊ុនដែលស្ថិតក្នុងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនេះមិនទាន់អាចទម្លាយបានឡើយ ដោយមូលហេតុថាទណ្ឌកម្មនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការ ប៉ុន្តែគេបានដឹងត្រួសៗថា ក្រុមហ៊ុនរុស្សី​ និងក្រុមហ៊ុនចិនមួយចំនួនអាចនឹងរងទណ្ឌកម្មនេះ ដោយមូលហេតុនៃការគាំទ្រលើប្រតិបត្តិការយោធារបស់រុស្សី។

កន្លងមក សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសារលើរុស្សី​ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ខណៈវិធានការទណ្ឌកម្មនេះបានអនុវត្តទៅលើក្រុមហ៊ុន បុគ្គល និងវិស័យជាច្រើនរួមមាន វិស័យថាមពល ធនាគារ ក្រុមហ៊ុនរ៉ែពេជ្រដ៏ធំ វិស័យធុរកិច្ច ទីផ្សារ ហើយមន្រ្តី និងមហាសេដ្ឋីគ្រាក់ៗរបស់រុស្សីមួយចំនួនត្រូវបានគេប្រកាសបង្កកទ្រព្យសម្បត្តិ និងដាក់បំរាមលើការចេញចូលសហភាពអឺរ៉ុបជាអាទិ៍៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក