
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងផ្តោតលើគោលដៅធំពីរ គឺបង្កើតសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ជាពិសេសអាណត្តិទី៧ ផ្តោតជាសំខាន់លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។
សម្តេចធិបតីថ្លែងដូចនេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គ្រប់កន្លែងទាំងអស់ ផ្តោតលើគោលដៅធំ២ នោះគឺការពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃកែលម្អការកាត់បន្ថយរឿងអវិជ្ជមាន ធ្វើតែ២នឹងបានគឺបូកចូលគ្នាគឺផលវិជ្ជមានច្រើន។
សម្តេចធិបតីបានបញ្ចាក់ដែរថា បើរាជរដ្ឋាភិបាលផ្តោតតែលើការពង្រីកសមិទ្ធផលវិជ្ជមាន មិនកាត់បន្ថយអ្វីដែលជាបញ្ហានោះជាការពិបាក ខណៈតម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ តម្រូវឱ្យមានឆ្លើយតបទាំងពីរ។
សម្តេចមាប្រសាសន៍ថា៖ «ពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំង២»៕