ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត នៅស្រុកឈូក ខេត្តកំពត

កំពត៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ទៀត ដែលមានទីលំនៅក្នុងស្រុកឈូក ខេត្តកំពត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងស្រីអាយុ ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

ក្រសួងសុខាភិបាលបញ្ជាក់ថា ក្មេងស្រីនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល ៥ថ្ងៃ មុនចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន ៧ក្បាល។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និង បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក