អន្តរជាតិ៖ ចំនួនប្រជាជនហុងកុងបានកើនឡើងចំនួន ០,៤ភាគរយដល់ ៧,៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលចំនួនកើនឡើងនេះមួយផ្នែកបណ្ដាលមកពីការវិលត្រឡប់វិញនៃប្រជាជនហុងកុង តាមគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាល ខណៈនេះគឺជាកំណើនជាប់ៗគ្នា ២ឆ្នាំក្រោយបញ្ចប់ការរាតត្បាតដោយវីរុសសកលកូវីដ-១៩។
គួរឱ្យដឹងថា ចំនួនប្រជាជនបានកើនឡើងប្រហែលជា ៣០,៥០០នាក់ពីចំនួន ៧,៤៧លាននាក់កាលពីឆ្នាំ២០២២ ស្របពេលដែលតំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះកំពុងព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួន ក្រោយបញ្ចប់ការរឹតត្បិតដ៏តានតឹងនៃវិធានការសុខាភិបាលដើម្បីបង្ការការរាលដាលនៃវីរុសកូវីដ-19។
គួរឱ្យដឹងថា កាលពីឆ្នាំ២០១៩ មានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំមួយបានកើតឡើង ដែលធ្វើឱ្យរដ្ឋាភិបាលហុងកុងបង្ខំចិត្ដដាក់ចេញនូវការអនុវត្តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់ក្នុងឆ្នាំ២០២០ ដែលបានបង្កជាផលប៉ះពាល់មិនល្អមួយចំនួនលើកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ក៏ដូចជាលើវិស័យសេដ្ឋកិច្ចរបស់ខ្លួន។ ចំនួននៃការកើនឡើងប្រជាជនត្រូវបានរដ្ឋាភិបាលអះអាងផងដែរថា បណ្ដាលមកពីការរួមចំណែកនៃគម្រោងវិនិយោគផ្សេងៗចូលទៅក្នុងទីក្រុងហុងកុង"។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ចំនួនលំហូរចូលនៃប្រជាជនហុងកុងមានចំនួន ៥១,៧០០នាក់ ក្នុងនោះមាន ៧៩ភាគរយបំពេញបែបបទតែឯកសារចូលប៉ុណ្ណោះ ដែលឯកសារនេះគឺជាឯកសារស្របច្បាប់់ចេញដោយរដ្ឋាភិបាលចិនដើម្បីអនុញ្ញាតឱ្យរស់នៅក្នុងទីក្រុងហុងកុង។ ក្នុងរយៈពេលជាមួយគ្នា អត្រាធ្លាក់ចុះចំនួនប្រជាជនដោយធម្មជាតិសល់ត្រឹម ២១,២០០នាក់ ពោលគឺមានចំនួនទារកបានកើត ៣៣,២០០នាក់ និងមនុស្សទទួលមរណភាពចំនួន ៥៤,៤០០នាក់។
គួរបញ្ជាក់ថា ចំនួនប្រជាជនហុងកុងបានកើនឡើង ២ឆ្នាំជាប់ៗគ្នា ខណៈចំនួនប្រជាជនចិនបានបន្តធ្លាក់ចុះ ២ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០២៣ ដែលមូលហេតុបណ្ដាលមកពីអត្រាកំណើតថយចុះ ព្រមជាមួយចំនួនអ្នកស្លាប់ដ៏ច្រើនដោយសារវីរុសកូវីដ-១៩៕