
សម្តេចតេជោ៖ អតីតនាយករដ្ឋមន្ត្រីជួបគ្នាមិនបាននិយាយរឿងនយោបាយទេ ប៉ុន្តែបានរំលឹកអនុស្សារីយ៍មិត្តភាពរយះពេល៣២ឆ្នាំ
បាងកក៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅប្រទេសថៃ ដោយសម្តេចបញ្ជាក់ថា សម្តេច និងលោកថាក់ស៊ីន មិនបាននិយាយរឿងនយោបាយ ប៉ុន្តែបានរំលឹកអនុស្សារីយ៍មិត្តភាពសម្តេច និងលោក ថាក់ស៊ីន រយះពេល៣២ឆ្នាំ តាំងពីឆ្នាំ១៩៩២មក។
តាមរយៈសារលើបណ្តាញសង្គមសម្តេចតេជោ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចបានមកសួរសុខទុក្ខ លោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ដែលជាបងធម៌របស់សម្តេច ដល់គេហដ្ឋាននៅទីក្រុងបាងកក បើទោះបីជា លោក ថាក់ ស៊ីន មានជម្ងឺ ក៏លោកបានទទួលសម្តេចក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ លោកស្រី អ៊ុង អ៊ីង កូនស្រីពៅ លោកថាក់ស៊ីន និងជាប្រធានគណបក្សភឿថៃផងដែរ។
សម្តេចឱ្យដឹងថា៖ «អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយះពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ។
ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញលោកស្រី អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ ខែមិនា ឆ្នាំ២០២៤ខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ៕