ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន សំដែងការគាំទ្រលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។
តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានខ្លឹមសារថា៖«ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ»។
សម្តេចតេជោបានបញ្ជាក់ដែរថា ប្រសិនលោកជំទាវ ម៉ៅ ចំណាន ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ។
គួរឱ្យដឹងដែរថា កាលពីម្សិលមិញថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចតេជោក៏បានសម្តែងការគាំទ្រ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈផងដែរ ប៉ុន្តែសម្តេចក៏បានចេញសារលើបណ្តាញសង្គមម្តងទៀត ដោយសម្តេចបានបញ្ជាក់ និងលើកជាគំនិតថា សម្តេចបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ ដែលសន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការិនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។
សាររបស់សម្តេចតេជោគឺបន្ទាប់ពីមានការសម្តែងការមិនពេញចិត្ត លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ធ្វើជាប្រធានសមាគមសិល្បៈ។
សម្តេចបញ្ជាក់ថា រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ ខណៈសម្តេចដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។ មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបានទេ។
ទន្ទឹមនោះ សម្តេចតេជោបានស្នើឱ្យអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យប្រធានសមាគមសិល្បៈបច្ចុប្បន្នបន្ត ឬរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។
សម្តេចបញ្ជាក់ថា៖ «គំនិតរបស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរកថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។ ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក»៕