សម្តេចធិបតី ណែនាំរៀបចំបញ្ជីឈ្មោះមន្ត្រីដែលត្រូវបណ្តេញចេញពីក្របខណ្ឌដោយសារគ្រឿងញៀនដើម្បីជៀសវាងចូលក្របខណ្ឌឡើងវិញ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃសហការជាមួយក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ រៀបចំបញ្ជីឈ្មោះរបស់មន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារការប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ដើម្បីជៀសវាងចូលក្របខណ្ឌក្នុងក្រសួងថ្មីមួយទៀត។
ថ្លែងក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថាគោលការណ៍ទៅមុខទៀតនេះ ណែនាំឱ្យក្រសួងយុត្តិធម៌រៀបចំក្របវិធានការច្បាប់ គោលការណ៍សន្តិសុខជាតិ និងសង្គម គោលការណ៍សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ ចំពោះមន្រ្តីដែលពាក់ព័ន្ធគ្រឿងញៀន។
សម្តេចធិបតីថ្លែងថា៖«យើងមិនមែនផ្តាច់ជីវិតគាត់ទេ មិនមែនផ្តល់ឪកាសទី២ទេ ប៉ុន្តែត្រូវមានលក្ខខណ្ឌបែបណា បើមិនអ៊ីចឹងទេ អត់សូវខ្លាច អាហ្នឹងផុត(ចេញពីក្របខណ្ឌ)ទៅធ្វើអ្វីផ្សេងទៀត អ៊ីចឹងបើគាត់ប្រព្រឹត្តគ្រឿងញៀននៅកន្លែងហ្នឹង ស្រាប់តែមានបញ្ហាចេញពីកន្លែងនេះ ស្រាប់តែចេញបានប៉ុន្មានឆ្នាំគាត់ចូលក្របខណ្ឌនៅកន្លែងនោះ គាត់លក់ដដែល»៕