ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឲ្យពង្រីកការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។
សម្ដេចបានថ្លែងនៅក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយថាវិធានការថ្មីនេះនឹងពង្រីកទៅកាន់មន្ត្រីរាជការទូទាំងប្រទេស បន្ទាប់ពីបានពិនិត្យលើមន្ត្រីនគរបាល ទាហាន ឃើញមានប្រសិទ្ធភាព។ សម្ដេចថានេះគឺជាវិធីបោសសម្អាតផ្ទះឲ្យកាន់តែស្អាត។
សម្ដេចថា៖ «ខ្ញុំថាកាប់បន្លាកាប់អោយដាច់បើកាប់មិនដាច់វានឹងមុតយើង»។
សម្ដេចធិបតីបានលើកឡើងថា មន្ត្រីរាជការគឺជាមន្ត្រីគំរូ ហើយបើមន្ត្រីគំរូមានពាក់ព័ន្ធទៅនឹងគ្រឿងញៀនហើយមិនគួរទុកនៅក្នុងតួនាទីនោះទេ។
ក្រៅពីបណ្ដេញចេញពីតួនាទីហើយសម្ដេចក៏បានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងមុខងារសាធារណៈ ឱ្យមានវិធានការក្នុងការធានាថាមន្ត្រីដែលបានបណ្ដេញចេញពីការងារនឹងមិនអាចចូលទៅធ្វើការនៅកន្លែងណាមួយរបស់រដ្ឋទៀតនោះទេ៕














