
ផែនការមេស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣» នឹងជួយឱ្យមានការប្រកួតប្រជែងប្រកបដោយសក្តានុពល
ភ្នំពេញ៖ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាលើកទី៤ ស្តីពី «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣» ក្រោយពីផែនការមេនេះត្រូវបានអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាកិច្ចប្រជុំថ្ងៃនេះ ក្រៅពីពិភាក្សាអំពី«ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣» សមាសភាពក្រុមប្រឹក្សាជាតិភស្តុភារកម្មក៏បានពិភាក្សាអំពីវឌ្ឍនភាពក្នុងការត្រៀមសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី YCH កាលពីឆ្នាំ២០២១ ដែលគម្រោងនេះគ្រោងចំណាយ ២០០លានដុល្លារ។
ជាមួយគ្នានេះពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុផងដែរ ដែលគម្រោងទាំងនេះនឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាកាន់តែល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងផែនការមេនេះ មានគម្រោងចំនួន ១៧៤ដែលត្រូវការថវិកាវិនិយោគប្រមាណជិត ៤០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំទៅមុខ ដែលទុនវិនិយោគនេះមិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជន (PPP) ជាដើម ក្នុងគោលដៅប្រកួតប្រជែងជាមួយប្រទេសជិតខាង ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។
បើតាមឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យផែនការមេសម្រេចគោលដៅ កម្ពុជាត្រូវការឱ្យមានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានាក្នុងការគាំទ្រ និងវិនិយោគ ខណៈប្រព័ន្ធឡូជីស្ទីក ជាគម្រោងដែលមានសារសំខាន់សម្រាប់ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕