ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ក្រសួងការងារ និងក្រុមហ៊ុន Huawei នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រចាំនៅប្រទេសកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា។

កិច្ចសហប្រតិបត្តិការទំនាក់ទំនងនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រចាំនៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោក YAO Yuya (យ៉ាវ យូយ៉ា) នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ ដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ ១ ០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

រដ្ឋមន្ត្រី មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលផ្អែកលើបច្ចេកវិទ្យាដើម្បីជាផ្នែកមួយជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្ត្រីបានបញ្ជាក់ទៅកាន់ភាគីក្រុមហ៊ុនថា តម្រូវការកម្លាំងពលកម្មក្នុងទីផ្សារនាពេលបច្ចុប្បន្ន ទាមទារឱ្យមានជំនាញបច្ចេកវិទ្យាអមជាមួយនឹងជំនាញវិជ្ជាជីវៈដើម្បីធានាបាននូវកម្រៃមួយដ៏ល្អប្រសើរ មានប្រៀបក្នុងការប្រកួតប្រជែង។

បន្ថែមពីនេះ លោក ហេង សួរ បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានសិក្សាពីបច្ចេកវិទ្យា និងទទួលបានចំណេះដឹងក្នុងការពង្រឹងសមត្ថភាពឲ្យក្លាយជាកម្លាំងសកម្មក្នុងទីផ្សារការងារដែលកំពុងប្រកួតប្រជែង។

ជាការឆ្លើយតប ភាគីក្រុមហ៊ុន ក៏បានបញ្ជាក់ពីជំហរក្នុងការបន្ត និងពិចារណាលើការពង្រីកកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក