លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រម្លឹកពីមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដល់ក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក វង្សី វិស្សុត បានរម្លឹកពីកិច្ចការដែលអ្នកច្បាប់ត្រូវពង្រឹងក្នុងអណត្តិទី៧នេះក្នុងមុំទី៤នៃយុទ្ធសាស្ត្របញ្ចកោណគឺ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជានិងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់លោក វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារត្រូវបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈនិង គោលការណ៍ច្បាប់ និងគុណភាពការងារតាមរយៈការពង្រឹងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងលើកកម្ពស់គុណភាពនៃការផ្តល់យោបល់ ដើម្បីរួមចំណែកដល់ការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។

លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង និងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន ៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។

ក្នុងចំណោមការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក