ព្រះនាង នរោត្ដម ជេនណា ចូលរួមធ្វើនំបញ្ចុកសម្លប្រហើរ ជាមួយអ្នកផលិតមាតិកាធ្វើម្ហូបបែបជនបទមួយរូប
បន្ទាយមានជ័យ៖ ព្រះនាង នរោត្ដម ជេនណា ទ្រង់យាងចុះទៅខេត្តបន្ទាយមានជ័យ និងបានចូលរួមធ្វើ នំបញ្ចុកសម្លរប្រហើរ ជាមួយស្រីអ្នកផលិតមាតិកាធ្វើបែបជនបទ ឆម ស្រីផាច ចែកជូនអ្នកភូមិពិសារ។
ដោយសព្វព្រះរាជហឬទ័យចំពោះ ស្រី ផាច អ្នកផលិតមាតិកាធ្វើម្ហូបបែបជនបទ ព្រះនាងបានកោតសរសើរយ៉ាងខ្លាំងចំពោះការផលិតវីដេអូដែលលើកកម្ពស់ម្ហូបខ្មែររបស់អ្នកផលិតមាតិការរូបនេះ ដោយនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះនាងបានចុះទៅចម្អិននំបញ្ចុក សម្លប្រហើរ និងយាងដំណើរដោយកង់ជាមួយទិដ្ឋភាពស្រុកស្រែចម្ការ ព្រមទាំងបេះបន្លែធ្វើជាល្បោយនំបញ្ជុក បង្ហាញភាពសាមញ្ញដូចរាស្រ្តធម្មតា។
ក្រោយពីចម្អិន រៀបចំ រួចរាល់ព្រះនាងបានយាងចែកនំបញ្ចុក និងបានគង់លើកន្ទេលផ្ទាល់ សោយនំបញ្ចុកជាមួយអ្នកភូមិក្មេងចាស់ ប្រុសស្រី ជាមួយស្នាមញញឹម យ៉ាងកក់ក្តៅ។
ព្រះនាង នរោត្តម ជេនណា បានបង្ហោះសារលើបណ្តាញសង្គមព្រះនាងផ្ទាល់ថា៖ «នេះគឺជាកិត្តិយសដ៏ធំធេងមួយរបស់ខ្ញុំដែលបានចូលរួមលើកតម្កើងម្ហូបខ្មែរជាមួយបង ស្រី ផាច ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមគាំទ្រនិងជួយចែករំលែកលើម្ហូបខ្មែរ ហើយអារម្មណ៍មួយនេះពិតជាកក់ក្តៅពេកក្រៃ និងជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅបំផុតដែលខ្ញុំនឹងរក្សាទុកជារៀងរហូតមិនអាចបំភ្លេចបាន»៕