វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងមហាផ្ទៃ និងធនាគារពិភពលោកពេញចិត្តលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌរួមនៅកម្ពុជា និងជាមួយក្រសួងផ្ទាល់

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រធានគ្រប់គ្រងធនាគារពិភពលោកនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។

នេះបើតាមលទ្ធផលនៃជំនួបរវាង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤។

លោក ស សុខា បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

ទន្ទឹមនោះ លោកស្រី ម៉ារីយ៉ាម សាលីម លើកឡើងដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នូវការកោតសរសើរឥតឈប់ឈរពីសំណាក់ធនាគារពិភពលោក ចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។

នាឱកាសនោះដែរ ទាំងលោក ស សុខា និងលោកស្រី ម៉ារីយ៉ាម សាលីម បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកក្នុងគម្រោងមួយចំនួន ដែលក្នុងនោះរួមមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗនេះការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យ សុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហការ ព្រមទាំងបន្ត អនុវត្តគម្រោងដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុក។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រធានគ្រប់គ្រងធនាគារពិភពលោកនៅកម្ពុជា ក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថាកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក