ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ជាអក្សរកាត់ សរសេរជា អក្សរទ្បាតាំងថា «APSARA» ដែលបានមកពីសេចក្តីដើម ជាភាសាបារាំងថា «Autorité pour la Protection du Site et l’Aménagement de la Région d'Angkor» ដែលមានន័យថា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបសញ្ញា៥ តម្រៀបគ្នាពីឆ្វេងទៅស្តាំនៅផ្នែកខាងលើ ជារូបនិមិត្តច្នៃពីរូបទេពអប្សរ ប្រតិដ្ឋទ្បើងលើជញ្ជាំងប្រាសាទអង្គរវត្ត។ រូបនិមិត្តសញ្ញា «ទេពអប្សរ» ទាំង៥នេះ បានមកពីលទ្ធផលនៃការប្រទ្បងប្រកួតប្រជែងរវាងអ្នកស្រាវ ជ្រាវនិស្សិតជាតិ និងអន្តរជាតិ រៀបចំទ្បើងនៅក្នុងអំទ្បុងឆ្នាំ១៩៩៦-១៩៩៧ តម្រូវតាមឈ្មោះ របស់ស្ថាប័នជាតិ ទទួលបន្ទុកការពារអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។
លោកបានឱ្យដឹងទៀតថា និមិត្តសញ្ញា «ទេពអប្សរ» ទាំង៥ មានព្រះកេស ៥ពណ៌ផ្សេងគ្នា ដែលបានជ្រើសរើសយកនៅពេលនោះ គឺតំណាង ឲ្យការងារជំនាញទាំង៥ ចំណុះឲ្យអាជ្ញាធរអប្សរា រួមមាន៖ អភិរក្ស រៀបចំដីធ្លី ទេសចរណ៍ អភិវឌ្ឍន៍ក្រុង និងវិស័យវប្បធម៌។
ពណ៌ទាំង៥ ដែលមានបង្ហាញលើនិមិត្តសញ្ញាទេពអប្សរទាំង៥គឺ ពណ៌ខៀវ តំណាងឲ្យសេចក្តីសុខ សន្តិភាព ភាពសាន្តត្រាណនៃព្រះនគរ ដែលតំណាងដោយព្រះ មហាក្សត្រ ជាម្លប់របស់ព្រះរាជាណាចក្រកម្ពុជា។ ពណ៌លឿងទុំ ឬពណ៌មាស តំណាងឲ្យភាពបរិសុទ្ធខ្ពង់ខ្ពស់ ចេរភាពនិង ដែលមិនចេះស្លាប់នៃអារ្យ ធម៌អង្គរ។ ក្នុងបរិបទបច្ចុប្បន្នពណ៌លឿងទុំជាពណ៌ព្រះធម៌ ព្រះសាសនា ពណ៌ស្បង់ ដែលគ្រងចីវរដោយព្រះសង្ឃ។ ពណ៌បៃតង៖ តំណាងឲ្យបរិស្ថាន និងធម្មជាតិដែលរួមរស់មិនអាចកាត់ផ្តាច់បានជាមួយ នឹងប្រាសាទ អង្គរ ដែលជាកត្តាផ្តល់តម្លៃពិសេសដល់រមណីយដ្ឋានអង្គរ។ ពណ៌ក្រហម តំណាងឲ្យជាតិ ជីវិតដែលអមតៈ ដែលតស៊ូព្រមទាំងជាពណ៌របស់ វប្បធម៌ និង ពណ៌ស្វាយ តំណាងឲ្យមនុស្សនិងសហគមន៍ ចំណេះដឹងនិងតម្រិះបញ្ញារបស់មនុស្ស។
បយរាណវិទូរូបនេះ បញ្ចាក់ថា ជាសរុបពណ៌ទាំង៥ បើនិយាយក្នុងន័យសកលគឺតំណាងឲ្យបាវចនារបស់ជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ។ បើនិយាយក្នុងបរិបទនៃអង្គរ គឺជាការសង្ខេបសំដៅលើតម្លៃសកលរបស់រមណីយអង្គរ៖ «ធម្មជាតិ មនុស្ស និងវប្បធម៌»។
គួរឱ្យដឹងដែរថា អាជ្ញាធរអប្សរាមានកំណើតបាន ២៩ឆ្នាំហើយ គឺចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ អាជ្ញាធរអប្សរាមានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍទេសចរណ៍នៃតំបន់ចំនួនប្រាំ ដែលកំណត់ក្នុងព្រះរាជក្រឹត្យ ចុះថៃ្ងទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងចាត់ចែងតំបន់សៀមរាប-អង្គរ៕