អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិបតោខៀវ Kai Havertz បានប្រកាសពីការដាក់ដេញថ្លៃនូវស្បែកជើងកីឡារបស់ខ្លួនចំនួន ១០០គូ ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីប្រមូលថវិការជួយដល់ជនរងគ្រោះដោយបញ្ហាទឹកជំនន់នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីជួយឱ្យ Chelsea គ្រងជើងឯក Chmapions League រដូវកាលមុន បានឱ្យដឹងថា រូបគេបានធំធាត់ឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងតំបន់ដែលទើបរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗ ដែលជាហេតុនាំឱ្យគេចង់រកថវិការជួយដល់ជនរងគ្រោះនៃហេតុការណ៍គ្រោះធម្មជាតិនេះ។
ក្នុងគោលដៅរកប្រាក់ចំនួន ២០០,០០០អឺរ៉ូ Havertz មានគំនិតពិសេសមួយ ដោយនឹងពាក់ស្បែកជើងពិសេសមួយគូក្នុងការប្រកួតទល់នឹង Arsenal នៅយប់អាទិត្យ សប្តាហ៍ទី២ នៃលីគកំពូលអង់គ្លេស ហើយស្បែកជើងនោះនឹងត្រូវផលិតចំនួន ១០០គូ សម្រាប់ប្រមូលថវិការជួយដល់កាកបាទក្រហមអាល្លឺម៉ង់។
Havertz ក៏បានបញ្ជាក់ដែរថា ស្បែកជើងកីឡានោះនឹងត្រូវបានរចនា (Design) ឡើងដោយមានពណ៌បៃតង, ពណ៌ក្រហម និងពណ៌-ស ដែលជាពណ៌សម្គាល់ទង់នៃតំបន់ North Rhine-Westphalia ដែលជាទីតាំងរងគ្រោះដោយទឹកជំនន់នោះ។ គួរបញ្ជាក់ថា ហេតុការណ៍គ្រោះទឹកជំនន់ក្នុងតំបន់ North Rhine-Westphalia បានបណ្តាលឱ្យមនុស្សប្រមាណ ១៨០នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សរាប់រយនាក់បាត់បង់លំនៅឋាន៕