អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់អាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវម៉ៅសេទុង
ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ជា ពិសី បានចេញសេចក្តីជូនដំណឹងទុកពេល ៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅ ឱ្យម្ចាស់អាជីវករបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវតាមបណ្តោយផ្លូវម៉ៅសេទុង២៤៥ ជាបន្ទាន់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោក អាជ្ញាធរក៏មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ២១៧)។
លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ និងសាធារណៈ ដែលបានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌចុះទៅត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងជាក់ស្តែង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់មកសារព័ត៌មានថា វិធានការនេះធ្វើឡើងមិនមែនហាមឃាត់មិនឱ្យពលរដ្ឋលក់ដូរនោះទេ តែការលក់ដូរត្រូវតែអនុវត្តទៅតាមទីតាំងដែលអាជ្ញាធរអនុញ្ញាត និងកំណត់។
លោកបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីទុកផ្លូវសាធារណៈសម្រាប់អ្នកដំណើរ និងសោភណភាពទីក្រុង ពីព្រោះថាការលក់ដូរនៅតាមទ្រូងផ្លូវ និងចិញ្ចើមផ្លូវនេះមិនត្រឹមតែធ្វើឱ្យកកស្ទះចរាចរណ៍នោះទេ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗផ្លូវរងការជន់លិចជាមួយនឹងសំរាមបណ្តែតដែលអាជីវករមួយចំនួនបោសចោលផ្តេសផ្តាសបណ្តាលឱ្យហូរចូលលូបង្កឱ្យស្ទះលូ។
លោកអភិបាលរងខណ្ឌទួលគោក លោកអះអាងថាអាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី២៧ ខែកុម្ភៈ ដែលជាថ្ងៃកំណត់គ្រប់ ៧ថ្ងៃនៃសេចក្តីជូនដំណឹងដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារៈ និងទ្រព្យសម្បត្តិណាមួយឡើយ។ ហើយក្នុងករណីពលរដ្ឋប្រឆាំងមិនអនុវត្តតាមវិធានការដ្ឋបាលនឹងប្រឈមវិធានការច្បាប់។
លោកអភិបាលរងខណ្ឌ បញ្ជាក់ទៀតថា វិធានការនេះនឹងអនុវត្តដូចភ្លៀងរលឹម ដើម្បីនៅតាមដងផ្លូវម៉ៅសេទុងនេះមានភាពល្អប្រសើរ និងសុវត្ថិភាពអ្នកដំណើរ៕