កីឡា៖ ជាមួយភាពសោកសៅ និងខកបំណង កំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ាន់នី ប៉ាគីអៅ (Manny Pacquiao) ទទួលស្គាល់ថា ក្ដីស្រមៃរបស់លោកក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានបញ្ចប់ហើយ ក្រោយពីគណៈកម្មការរៀបចំកីឡាអូឡាំពិកបានបដិសេធមិនឱ្យលោកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤នេះ។
គណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបដិសេធសំណើពិសេសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករបស់អ្នកប្រដាល់ Manny Pacquiao ក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ គួរបញ្ជាក់ថា Pacquiao បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ បានសម្រេចព្យួរហ្គង់ និងចូលនិវត្តន៍ពីសង្វៀនកាលពីឆ្នាំ២០២១ មុនពេលលោកឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី។ លោកថ្លែងថា "លោកគោរពការសម្រេចចិត្តរបស់ IOC ដែលបានកំណត់វ័យត្រឹម ៤០ឆ្នាំសម្រាប់កីឡាករប្រដាល់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
កាលពីឆ្នាំមុន គណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានស្នើសុំសិទ្ធិពិសេសមួយទៅកាន់ IOC ដើម្បីឱ្យ Pacquiao អាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូងរបស់លោក។ គួរបញ្ជាក់ថា កន្លងមក IOC តែងតែផ្តល់នូវសិទ្ធិពិសេសមួយសម្រាប់អត្តពលិកមកពីប្រទេសតូចៗ ដែលមានភាពលំបាកខ្លាំងសម្រាប់ប្រជែងយកកៅអីបង្ហាញខ្លួននៅក្នុងការប្រកួតកីឡាអូឡាំពិក។
ទោះជាមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះក៏ដោយ ក៏លោក Pacquiao និយាយថានៅតែបន្តគាំទ្រ និងលើកទឹកចិត្តអត្តពលិកហ្វីលីពីនពីចំងាយ។ បើទោះជាបានប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ក៏ពិតមែន ប៉ុន្តែ Pacquiao នៅតែអះអាងថា លោកនៅតែមានបំណងនាំមកនូវមោទនភាព និងកិត្តិយសដល់ប្រទេសហ្វីលីពីននៅក្នុងសង្វៀនប្រដាល់នាពេលខាងមុខ។ ជាក់ស្ដែង Pacquiao ទើបតែបានប្រកាសទទួលការប្រកួតមួយជាមួយអ្នកប្រដាល់ថៃ បួខាវ (Buakaw Banchamek) នាថ្ងៃទី២០ ខែមេសាខាងមុខ នាទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្តង៕