កម្សាន្ត៖ ខ្សែភាពយន្តថ្មី នៃខ្សែស្រឡាយ James Bond ដែលមានចំណងជើងថា No Time To Die បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅ អំពីកាលបរិច្ឆេទនៃការចាក់បញ្ចាំងតាមបណ្តារោងភាពយន្តទាំងអស់នៅលើពិភពលោក ពោលគឺខ្សែភាពយន្តហូលីវូដនេះ នឹងសម្ភោធនៅចុងខែកញ្ញាខាងមុខនេះ។
ខ្សែភាពយន្ត No Time To Die នេះបានពន្យារពេលចាក់បញ្ចាំងរបស់ខ្លួនចំនួន ៤ដងរួចមកហើយ ក្រោយមកវាយប្រហារដោយវីរុសរាតត្បាតសកលកូវីដ-១៩ លើបណ្តាប្រទេសនានាកន្លងមក ដោយលើកចុងក្រោយនេះផលិតកម្ម Universal Pictures និង MGM film បានប្រកាសការចាក់បញ្ចាំងសម្ភោធលើដំបូងបង្អស់នៅថ្ងៃទី២៨ ខែកញ្ញា និងបញ្ចាំងលើផ្ទាំងសំពត់-សគ្រប់រោងភាពយន្តនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ។ ចំពោះកាលបរិច្ឆេទចាក់បញ្ចាំងក្នុងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមពីថ្ងៃទី០៨ ខែតុលាតទៅ។
ដំបូងឡើយ ខ្សែភាពយន្តប្រភេទវាយប្រហារនេះ គ្រោងចាក់បញ្ចាំងនៅខែមេសា ឆ្នាំ២០២០ ប៉ុន្តែក៏ត្រូវបានផ្អាកជាបន្តបន្ទាប់ ចាប់តាំងពីរោងភាពយន្តទាំងអស់លើពិភពលោកបានប្រកាសបិទព្រមៗគ្នាតាំងពីខែមីនា ឆ្នាំ២០២០ មក។
ភាពយន្តខ្សែស្រឡាយ James Bond នេះ បានក្លាយជាស្រឡាយរឿងដែលរកប្រាក់ចំណូលបានច្រើនមិនធម្មតាក្នុងតារាង Box Office សម្រាប់រឿងមុនៗ ដូចជារឿង Spectre កាលពីឆ្នាំ២០១៥ រកចំណូលបានប្រមាណ ៨៨០លានដុល្លារអាមេរិក ហើយចំពោះរឿង Skyfall កាលពីឆ្នាំ២០១២កន្លងទៅ ត្រូវបានគេដឹងថា បានកើបលុយពីជុំវិញពិភពលោកលើសពី ១ពាន់លានដុល្លារអាមេរិក។
ខ្សែភាពយន្តរឿង No Time To Die ដែលសំដែងដោយតារាជនជាតិអង់គ្លេសលោក Daniel Craig នេះបានចំណាយទុនផលិតប្រមាណជា ២០០លានដុល្លារអាមេរិក ដែលត្រូវបានគេចាត់ទុកជាភាពយន្តកំពូលមួយ ឬ Blockbuster សម្រាប់រដូវស្លឹកឈើជ្រុះនេះ ក្រោយការបញ្ចេញភាពយន្តធំៗមួយចំនួនជាបន្តបន្ទាប់ដូចជា Black Widow និង The Suicide Squad កាលពីពេលថ្មីៗ៕