បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់អាយុ ២៦ឆ្នាំ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ ទើបចុះទៅត្រួតពិនិត្យ និងនាំជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។
កងរាជអាវុធហត្ថស្រុកស្វាយចេក បានដកហូតវត្ថុតាងជាច្រើន មានដូចជា ឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ១កំប្លេរ ស្បែកជើងកវែងចំនួន ១គូ ស្បែកជើងកខ្លីចំនួន ១គូ មួកឆាងពណ៌ទឹកប៊ិចចំនួន២ មួកប៉េរ៉េចំនួន១ ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន១ ខ្សែក្រវ៉ាត់ធំ (ស៊ិនណារ៉ុង) ចំនួន១ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា ចំនួន១ អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន១ ពិលពណ៌ខ្មៅ ចំនួន១ ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន១ កាបូបស្ពាយពណ៌ខ្មៅចំនួន១ កាបូបដាក់ប្រាក់ ចំនួន១ និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ១សន្លឹក។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថ ពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។
ដោយផ្អែកលើចម្លើយសារភាព និងមានឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕