ភ្នំពេញ៖ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ជួញដូរ និងបរិភោគ ដែលផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ដល់ការស្លាប់សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បន្ទាប់ពីរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្តាលឲ្យមានសត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន ១០ក្បាល ចង្កៀលខ្យងចំនួន ១ក្បាល កុកគ្រោងតូចចំនួន ១ក្បាល និងសត្វរអាតទន្សាយចំនួន ១ក្បាល មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ។
លោក ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថានមានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុលនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។ លោកស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រមទាំងស្នើឱ្យមានបញ្ឍប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចជាការបំពុល ការបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ដែលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះនិងសុខភាពមនុស្សសត្វ។
ចំពោះករណីបំពុលសត្វខាងលើ លោកបានបញ្ជាក់ថាមន្រ្តីជំនាញ បានធ្វើកំណត់ហេតុ និងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុកនិងខេត្ត ដើម្បីសហការស្វែងរកចាប់ខ្លួន និងទប់ស្កាត់បទល្មើសរួចហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ បង្កើនការចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារនិងអភិរក្សធនធានជាតិ ទប់ស្កាត់ និងបង្រ្កាបការបំពុលសត្វព្រៃ ក្នុងគោលបំណងចាប់យកសត្វព្រៃ ទៅធ្វើជាអាហារ ឬយកទៅលក់នៅទីផ្សារ នៅតាមទីសាធារណៈ និងភោជនីយដ្ឋាន បញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ ចាប់សត្វព្រៃគ្រប់ប្រភេទ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ខណៈអាចជាសត្វរងការបំពុលដែលមានហានិភ័យខ្ពស់សម្រាប់សុខភាព និងអាចបណ្តាលឱ្យស្លាប់បាន។
លោកក៏ស្នើឱ្យសហការចូលរួមអប់រំ ផ្សព្វផ្សាយ ដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ កុំឱ្យដាក់ថ្នាំបំពុលសត្វព្រៃ បរបាញ់ និងបរិភោគសត្វព្រៃ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមាននិរន្តរភាព និងឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន តាមរយៈទេសចរណ៍ធម្មជាតិជាដើម ព្រមទាំងចូលរួមទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក្នុងតំបន់ការពារធម្មជាតិ សហគមន៍ មូលដ្ឋាន តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលបច្ចុប្បន្នមានមនុស្សប្រមាណ ៥លាននាក់ បានចូលរួម ថ្វើឱ្យបរិស្ថានជុំវិញស្អាត និងធ្វើឱ្យកម្ពុជាស្អាត និងគ្មានការបំពុលប្លាស្ទិក។
គួរឱ្យដឹងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។
ក្នុងនោះក៏ត្រូវសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន ៦០ភាគរយ។
តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕