សម្ដេចព្រមានដល់អ្នកដែលចង់ផលិតវីដេអូបំផ្លាញកេរ្ត៍ឈ្មោះកម្ពុជាផ្សេងទៀតក្រោយចាប់ជនជាតិចិនតៃវ៉ាន់ ២នាក់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រកាសការពារផលប្រយោជន៍ជាតិកម្ពុជា បន្ទាប់ពីចាប់ខ្លួនអ្នកផលិតវីដេអូជនជាតិចិនតៃវ៉ាន់ពីរនាក់ដែលបានផលិតវីដេអូបំផ្លាញកេរ្តិ៍ឈ្មោះជាតិ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទាក់ទងជាមួយនឹងការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ពីរនាក់នៅក្នុងខេត្តព្រះសីហនុ កាលពីកន្លងទៅនឹងបានផ្ដន្ទាទោសជាប់ពន្ធនាគារពីរឆ្នាំ។
សម្ដេចថាករណីនេះក៏មានមនុស្សចង់សុំអន្តរាគមន៍ពីសម្ដេចស្នើសុំដោះលែងដោយលើកហេតុផលថា ពួកគេទាំងពីរមានម្ដាយឈឺ ប៉ុន្តែសម្ដេចមិនអនុញ្ញាត។
សម្ដេចថា៖ «បើម្ដាយឈឺគួរតែដាក់យូរព្រោះថា បើកតញ្ញូគួរតែនៅមើលម្ដាយរបស់ខ្លួន មិនគួរណាជិះយន្តហោះមកបំផ្លាញស្រុកគេទេ»។
ជាមួយគ្នានេះសម្ដេចក៏ព្រមានដល់អ្នកផ្សេងទៀតដែរដែលមានបំណងចង់ធ្វើវីដេអូបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរផងដែរ។
សម្ដេចថា៖ «យកប្រទេសកម្ពុជាធ្វើជាកន្លែងអាជីវកម្មដើម្បីបាន view គឺនឹងអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ ជាប់គុកពីរឆ្នាំហើយ បណ្ដេញចេញពីកម្ពុជាហើយ black list មិនឲ្យចូលស្រុកខ្មែរមួយជីវិត»៕