ត្បូងឃ្មុំ៖ អភិបាលខេត្តត្បូងឃ្មុំ ជួបជុំជាមួយពលរដ្ឋប្រមាណ ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។
ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីអភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។
គួរឱ្យដឹងថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា លេខ១ ទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល លេខ២ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល លេខ៣ ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល លេខ៤ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល លេខ៥ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងលេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ពីអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងចែកជូននូវនំបញ្ចុកសម្លខ្មែរ និងត្រីស្រស់ ចំនួន ៣០០គីឡូក្រាមដល់ប្រជាពលរដ្ឋដែលចូលរួមនាកម្មវិធីនេះផងដែរ ។
គួរឱ្យដឹងដែរថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕