លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃអាទិត្យនេះ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រីថា ថាវីស៊ីន (Srettha Thavisin) បានឱ្យដឹងនៅថ្ងៃសៅរិ៍នេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) នឹងត្រូវដោះលែងពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញនៅថ្ងៃអាទិត្យនេះ។ គួរបញ្ជាក់ថា ការដោះលែងឱ្យមានសេរីភាពឡើងវិញនេះធ្វើឡើង ក្នុងពេលត្រឹមតែ ៦ខែ​ប៉ុណ្ណោះបន្ទាប់ពីលោកថាក់ស៊ីនបានវិលចូលប្រទេសថៃវិញ ក្រោយពីនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំ។

លោក ថាក់ស៊ីន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទពុករលួយ និងការរំលោភអំណាច នៅពេលដែលលោកវិលត្រឡប់ចូលមកប្រទេសថៃវិញកាលពីខែសីហាកន្លងទៅ។ យ៉ាងណាមិញ ទោស ៨ឆ្នាំរបស់លោកត្រូវបានព្រះមហាក្សត្រមហាវិច្ឆរ៉ាឡុងកន ប្រោសប្រទានរាជានុញ្ញាតឱ្យបន្ថយមកនូវត្រឹមមួយឆ្នាំប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍មុនឡើងយន្តហោះចេញទៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីថៃនិយាយថា ការដោះលែងលោកថាក់ស៊ីន នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈនេះ ដោយធ្វើឡើងស្របទៅតាមច្បាប់។ ការសម្រេចដោះលែងអតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលខាងលើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក តាវី សុដសុង បានបង្ហើបកាលពីដើមសប្តាហ៍នេះថា លោកថាក់ស៊ីនដែលបច្ចុប្បន្នមានវ័យ ៧៤ឆ្នាំហើយនោះ នឹងស្ថិតក្នុងចំណោមអ្នកជាប់ពន្ធនាគារផ្សេងៗចំនួន ៩៣០នាក់ដែលត្រូវអនុញ្ញាតដោះលែងឱ្យមានសេរីភាពមុនពេលកំណត់។

បណ្ដាញសារព័ត៌៌មានថៃជាច្រើនបានរាយការណ៍ថា លោកថាក់ស៊ីនទំនងជានឹងត្រូវដោះលែងនាព្រឹកព្រលឹមថ្ងៃអាទិត្យស្អែកនេះតែម្តង ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តីនិយាយថា លោកពុំទទួលបានព័ត៌មានលម្អិតអ្វីផ្សេងបន្ថែមឡើយ។ ចំពោះលក្ខខណ្ឌលម្អិតជាក់ស្ដែងនៃការដោះលែងលោកថាក់ស៊ីន នៅពុំទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែគេប៉ាន់ស្មានថាលោកទំនងជានឹងជាប់កាតព្វកិច្ចត្រួតពិនិត្យ និងតាមដានមួយចំនួន ក៏ដូចជាមានការរឹតបន្តឹងចំពោះការធ្វើដំណើរទៅក្រៅប្រទេសជាអាទិ៍។ កូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ពែតងតាន ស៊ីណាវ៉ាត់ត្រា ដែលជាមេដឹកនាំនៃគណបក្សភឿថៃបច្ចុប្បន្នបានថ្លែងថា លោកស្រីពិតជាស្វាគមន៍ចំពោះព័ត៌មាននៃការដោះលែងឪពុកលោកស្រីឱ្យមានសេរីភាពឡើងវិញនេះ ដោយនេះគឺជាពេលវេលាមួយដែលលោកអាចប្រើជីវិតរស់នៅប្រកបដោយភាពរីករាយឡើងវិញ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក