សៀមរាប៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន ២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។
ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត លោក ប៊ូ ផានេត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់ដៃទាំង ២ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។
លោកបន្ថែមថា ការបន្តដំឡើងបង្កាន់ដៃទាំង ២ទីតាំងនេះ គឺការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ អស់កម្លាំង ខ្យល់គរ ញ័របេះដូងជាដើម ព្រោះថានៅទីតាំងនេះមានសភាពចោទ និងមានកម្ពស់ខ្ពស់រហូតដល់ជាង ១០ម៉ែត្រ។
លោក ប៊ូ ផានេត បន្តថា អាជ្ញាធរជាតិអប្សរា បន្តជួសជុលជណ្តើរឈើដែលរងការខូចខាត និងដំឡើងបង្កាន់ដៃនៅទីតាំងប្រឈមនិងហានិភ័យផ្សេងៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដោយគិតគូរពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយក៏កាត់បន្ថយការប៉ះផ្ទាល់ទៅលើថ្មប្រាសាទ៕