សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។
ការជួសជុលនេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
គួរឱ្យដឹងដែរថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ ក្នុងគ.ស.៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម «សិវលោក» ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។
ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរ ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦៕