កីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរូហ្គាយ Luis Suarez បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្លិបបាល់ទាត់ Inter Miami នឹងជាក្លិបចុងក្រោយបង្អស់ដែលខ្លួនប្រកបអាជីពជាកីឡាករបាល់ទាត់។
Luis Suarez ដែលបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំទៅហើយនោះ បានចុះកិច្ចសន្យាថ្មីជាមួយក្លិប Inter Miami ដែលជាក្លិបនៅលីគកំពូលអាមេរិកសម្រាប់រដូវកាល ២០២៤ នេះ ក្រោយពីបញ្ចប់កិច្ចសន្យារបស់គេជាមួយក្លិប Gremio នៃលីគកំពូលប្រេស៊ីល។
ការចូលរួមជាមួយ Inter Miami នេះមានន័យថា កីឡាកររូបនេះនឹងបានចូលរួមជួបជុំជាមួយមិត្តរួមក្រុមនៅ Barcelona ឡើងវិញមានដូចជា Lionel Messi, Sergio Busquets និង Jordi Alba ដែលជាមិត្តរួមក្រុមដ៏ស្អិតរមួត ជាពិសេសរជ្ជកាលដែល Barcelona ឈ្នះពាន La Liga ៤សម័យកាលក្នុងរយៈពេល ៥ឆ្នាំ។ Suarez បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុអ៊ុយរូហ្គាយ Del Sol ថា៖ "Inter Miami នឹងក្លាយជាក្លឹបចុងក្រោយរបស់ខ្ញុំ ហើយគ្រួសាររបស់ខ្ញុំក៏បានដឹងពីការសម្រេចចិត្តរួចហើយ។ ខ្ញុំមិនទាន់កំណត់ពេលវេលា (ចូលនិវត្តន៍)នៅឡើយទេ ប៉ុន្តែទីនេះនឹងជាក្លិបចុងក្រោយរបស់ខ្ញុំ"។ Suarez បន្ថែមថា៖ "ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនៅទីនេះ"។
គួរបញ្ជាក់ថា Suarez ធ្លាប់ប្រកបអាជីពជាមួយក្លិបជាច្រើនរួមមាន Ajax Amsterdam, Liverpool និង Atletico Madrid និងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអ៊៊ុយរ៉ូហ្គាយបាន ១៣៨ប្រកួតចាប់តាំងពីឆ្នាំ២០០៧ មក។ Inter Miami នឹងចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលអាមេរិកទល់នឹងក្រុម Real Salt Lake នៅថ្ងៃទី២១ ខែកុម្ភៈនេះ៕