រដ្ឋាភិបាលពង្រឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈបច្ចេកវិទ្យា AI កាន់តែធ្វើឱ្យព័ត៌មានមានភាពស្មុគស្មាញ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានលើកឡើងថាគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានបានផ្តោតការយកចិត្តទុកដាក់លើភាពចាំបាច់នៃការគ្រប់គ្រងព័ត៌មានក្លែងក្លាយដោយប្រសិទ្ធភាព ក្នុងស្ថានភាពនៃការរីកចម្រើនខាងបច្ចេកវិទ្យាដែលបានធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតលើកិច្ចការនេះ។
លោក អស្នារិទ្ធ បានលើកឡើងថាការរីកចម្រើនផ្នែកបច្ចេកវិទ្យាវាបានផ្ដល់ទាំងគុណសម្បត្តិ និងគុណវិប្បត្តិ ដែលទាមទារឱ្យមានការតាមដាន ប្រមូល និងចាត់វិធានការក្នុងក្របខណ្ឌច្បាប់ចំពោះរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គមក្នុងសង្គម។
លោកថា៖ «ថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ ផលវិបាកទាំងនេះកើតឡើង ស្របពេលនឹងការវិវត្តនៃបច្ចេកវិទ្យា Ai ផងដែរ ដែលវាកំពុងធ្វើឲ្យព័ត៌មានកាន់តែមានភាពស្មុកស្មាញ»។
លោកបន្ថែមទៀតថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានបានផ្តោតភារកិច្ចចំបងៗរបស់ខ្លួនលើការតាមដាន ប្រមូល និងចាត់វិធានការក្នុងក្របខណ្ឌច្បាប់ចំពោះរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គមក្នុងសង្គម។
តាមរយៈយន្តការនេះ ក្រសួងព័ត៌មានបាន និងបន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត ទាំងក្នុងស្រុក និងដល់ប្រជាជននៅលើពិភពលោក ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាជន ព្រមទាំងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលបំពុលសង្គម អាចបង្កឱ្យកើតមានចលាចល ប៉ះពាល់ដល់ការរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនក្នុងសង្គម។
លោកថាគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាននឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន៕